April 22, 2017

អ្នក​លក់​វត្ថុ​បុរាណ​នៅ​អង់គ្លេស​ប្រគល់​គ្រឿងអលង្ការ​សម័យ​អង្គរ​ឲ្យ​កម្ពុជា​វិញ

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ អ្នកស្រី ភឿង សកុណា ក្នុង​កិច្ច​ពិភាក្សា​តុ​មូល​របស់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​សៅរ៍ ទី​១៦ ខែ​សីហា ឆ្នាំ​២០១៤។ Photo: RFA

ដោយ យាង សុជាមេត្តា RFA 2017-04-22

ភ្នាក់ងារ​លក់​វត្ថុ​បុរាណ​មួយ​នៅ​ទីក្រុង​ឡុងដ៍ (London) ចក្រភព​អង់គ្លេស​ស្ម័គ្រចិត្ត​ប្រគល់​គ្រឿង​អលង្ការ​មាស សម្រាប់​លម្អ​រូប​ចម្លាក់​ថ្ម​ដែល​មាន​អាយុកាល​ក្នុង​សម័យ​អង្គរ​ឲ្យ​កម្ពុជា​វិញ។ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ចាត់​ទុក​ការ​ប្រគល់​ឲ្យ​នេះ ថា ជា​ការ​រួមចំណែក​ក្នុង​ការ​ផ្សះផ្សា និង​ព្យាបាល​របួស​ផ្លូវចិត្ត​របស់​ពលរដ្ឋ​ខ្មែរ។

គ្រឿងអលង្ការ​មាស​ដែល​ត្រូវ​បាន​ប្រគល់​ឲ្យ​កម្ពុជា​វិញ​មាន​ចំនួន​១០ រួមមាន​គ្រឿង​សំអាង​ពាក់ នៅ​លើ​ក្បាល លើ​ដើមដៃ​ទាំង​សង្ខាង លើ​ត្រចៀក ក្រោម​ទ្រូង និង​ខ្សែ​ក្រវ៉ាត់​មាស​ជាដើម។

សេចក្ដី​ប្រកាស​ព័ត៌មាន​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២១ មេសា ឲ្យ​ដឹង ថា កាលពី​ថ្ងៃ​ទី​២០ មេសា ភ្នាក់ងារ​លក់​វត្ថុ​បុរាណ​ឈ្មោះ Johnathan Tucker Antonia Tozer Asian Art បាន​ស្ម័គ្រចិត្ត​ប្រគល់​ឈុត​គ្រឿងអលង្ការ​មាស​សម័យ​អង្គ​រទាំង​នេះ​ឲ្យ​កម្ពុជា​វិញ តាមរយៈ​ស្ថានទូត​កម្ពុជា​ប្រចាំ​ទីក្រុងឡុងដ៍ និង​មន្ត្រី​ជំនាញ​សិល្បៈ​វប្បធម៌​បរទេស​មួយ​ចំនួន​ទៀត។

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ រំលឹក​សាវតារ​ថា កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ ទទួល​ព័ត៌មាន​ថា ភ្នាក់ងារ​លក់​វត្ថុ​បុរាណ Johnathan Tucker Antonia Tozer Asian Art បាន​ប្រកាស​ដាក់​តាំង​លក់​វត្ថុ​បុរាណ​ឥណ្ឌា និង​អាស៊ីអាគ្នេយ៍​នៅ​ទីស្នាក់ការ​របស់​ខ្លួន នៅ​ទីក្រុង​ឡុងដ៍ ចាប់ពី​ថ្ងៃ​ទី​៣ ដល់ ២៥ វិច្ឆិកា ឆ្នាំ​២០១៦ ដែល​ក្នុង​នោះ​មាន​ឈុត​គ្រឿង អលង្ការ​រូបចម្លាក់​ថ្ម ដែល​វត្ថុ​បុរាណ​នេះ​ធ្លាប់​បាន​ផ្សព្វផ្សាយ​ក្នុង​សៀវភៅ Khmer Gold: Gifts for the Gods។

ក្រសួង​វប្បធម៌​ថា ក្រោយ​ទទួល​បាន​ដំណឹង​នេះ​ភ្លាម ក្រសួង​បាន​ជូនដំណឹង​ដល់​ក្រសួង​ការបរទេស​កម្ពុជា​ដើម្បី​សុំ​ឲ្យ​ភ្នាក់ងារ​លក់​វត្ថុ​បុរាណ​ប្រគល់​គ្រឿងអលង្ការ​ទាំងអស់​នោះ​មក កម្ពុជា​វិញ ដោយ​កម្ពុជា​បាន​ផ្ដល់​សក្ខីកម្ម​យ៉ាង​ច្បាស់​ថា វត្ថុ​បុរាណ​ទាំងនេះ​ជា​កម្មសិទ្ធិ​តែមួយ គត់​របស់​កម្ពុជា​តាម​រយៈ​ក្បូរ​ក្បាច់រចនា​ដែល​មានតែ​ក្នុង​រចនាបថ​សិល្បៈ​ខ្មែរ​មួយ​គត់ ហើយ​ដែល​ត្រូវ​បាន​យកចេញ​ពី​កម្ពុជា​ដោយ​ខុសច្បាប់។

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា ថ្លែង​តាមរយៈ​សេចក្ដី​ប្រកាស ព័ត៌មាន​ដោយ​ចាត់​ទុក​ទង្វើ​របស់​ភ្នាក់ងារ​លក់​វត្ថុ​បុរាណ Johnathan Tucker Antonia Tozer Asian Art ថា​មិន​ត្រឹមតែ​បង្ហាញ​ពី​ការចូលរួម​លើក​តម្លៃ​ដល់​វប្បធម៌​នៃ​ជាតិ​សាសន៍​មួយ​ប៉ុណ្ណោះ​ទេ តែ​ក៏បាន​ចូលរួម​ចំណែក​ក្នុង​ការ​ផ្សះផ្សា និង​ព្យាបាល​របួស​ផ្លូវចិត្ត​របស់​ពលរដ្ឋ​ខ្មែរ ដែល​ឆ្លងកាត់​សង្គ្រាមស៊ីវិល​រ៉ាំរ៉ៃ និង​រងគ្រោះ​ពី​សោកនាដកម្ម និង​ទារុណកម្ម នៃ​អំពើ​ប្រល័យ ពូជសាសន៍​ខ្មែរក្រហម។

ទោះជា​យ៉ាងណា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក ថៃ នរៈសត្យា មិន​ច្បាស់​ទេ​ថា តើ​គ្រឿងអលង្ការ​ទាំងនោះ​ត្រូវ​បាន​គេ​លួច​នាំ​ចេញពី​កម្ពុជា​តាំង ពេលណា​នោះ​ទេ។ លោក​ថា នៅ​ពេល​គ្រឿងអលង្ការ​បញ្ជូន​មកដល់​កម្ពុជា​វិញ គេ​នឹង​យក​វា ទៅ​រក្សាទុក​នៅ​សារមន្ទីរ​ជាតិ៖ «ដូច​ដឹង​ស្រាប់​ហើយ​ថា​កម្ពុជា​យើង បាន​ឆ្លងកាត់​ដំណាក់កាល​នៃ​ការ​វិនាស ការបាត់បង់​វា​ច្រើនដង​ពេក ហេតុដូច្នេះ​ពេលនេះ​យើង​អត់​ដឹង​ថា របស់​ទាំងអស់​នេះ​វា​បាត់ តាំងពី​កាល​មក​ដែរ កាល​ពេល​យើង​ទៅ​ជួប​គ្នា​និយាយ​ពី​បញ្ហា​ហ្នឹង គេ​មិនបាន​បញ្ជាក់​ប្រាប់ យើង​ថា​គេ​ទទួលយក​តាំងពី​ដំណាក់​កាលណា​ដែរ គ្រាន់តែ​ថា​បាន​ទទួល​តាមរយៈ​ការទិញ ត​គ្នា​តាមរបៀប​ផ្លូវច្បាប់​ប៉ុណ្ណឹង»។

ចប់​តាំងពី​ឆ្នាំ​២០១៣​មក មាន​រូប​បដិមា​ចំនួន​៦​ហើយ​ដែល​កម្ពុជា​នាំ​យក​មកវិញ បន្ទាប់ពី​មានការ​ចរចា​គ្នា និង​ការ​តតាំង​តាម​ផ្លូវ​ច្បាប់។ រូប​បដិមា​ទាំងនោះ រួមមាន​រូប​បដិមា​ទុរយោទ្ធន៍ ដែល​បាន​មកពី​សារមន្ទីរ​ស៊ុតប៊ីស៍ (Sotheby) ក្រុង​ញូវយ៉ក។ រូប​បដិមា​ភីម មកពី​សារមន្ទីរ​ន័រតុន ស៊ីមុន (Norton Simon) ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា (California)។ រូប​បដិមា​ពលរាម មកពី​សារមន្ទីរ គ្រីសធី (Christie) ក្រុង​ញូវយ៉ក។ រូប​បដិមា ២​ទៀត ជា​រូប​ទ្វារបាល ឬ​ឆ្មាំទ្វារ​លុតជង្គង់ ធ្វើ​អំពី​ថ្ម​ភក់ មកពី​សារមន្ទីរ ម៉េត្រូប៉ូលីថេន (Metropolitan ) ក្រុង​ញូវយ៉ក និង​បដិមា​ហនុមាន ពី​សារមន្ទីរ​វិចិត្រសិល្បៈ ក្លីវវឺឡែន (Cleveland) និង​ព្រះ​កេស​ព្រះ​ហរិហរៈ មកពី​សារមន្ទីរ​សិល្បៈ​អាស៊ីហ្គីម៉េ ប្រទេស​បារាំង។

អនុសញ្ញា​ស្ដីពី​ការ​ហាមឃាត់ និង​ការពារ​មិន​ឲ្យ​មានការ​នាំចេញ និង​ការ​នាំចូល​វត្ថុ​បុរាណ​របស់​អង្គការ​អប់រំ​វិទ្យាសាស្ត្រ និង​វប្បធម៌​នៃ​អង្គការសហប្រជាជាតិ ហៅ​កាត់​ថា យូណេស្កូ (UNESCO) ឆ្នាំ​១៩៧០ បង្ហាញ​ថា រាល់​វត្ថុ​បុរាណ​ទាំងឡាយ​ត្រូវ​ប្រគល់​ជូន​ប្រទេស​ម្ចាស់​ដើម​វិញ។ ប្រទេស​ជា​ហត្ថលេខី​ដែល​ទទួលស្គាល់​អនុសញ្ញា​នេះ សរុប​ចំនួន ១២៨​ប្រទេស។ ក្នុង​នោះ​កម្ពុជា បាន​ក្លាយ​ជា​ប្រទេស​ហត្ថលេខី នៅ​ឆ្នាំ​១៩៧២៕

No comments: