October 21, 2017

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​គ្រោង​ស្នើ​ព្រះមហាក្សត្រធ្វើ​អន្តរាគមន៍​ដោះស្រាយ​វិបត្តិ​នយោបាយ

ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្ដេច នរោត្ដម សីហមុនី យាង​ចូលរួម​ទិវា​បុណ្យ​ខួប​ឯករាជ្យជាតិ​លើក​ទី​៦៣ នា​វិមានឯករាជ្យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Brach Chev

ដោយ អាស៊ីសេរី RFA 2017-10-21

ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ នឹង​សុំ​ព្រះរាជ​អន្តរាគមន៍​ដោះស្រាយ​វិបត្តិ​នយោបាយ​ពី​ព្រះមហាក្សត្រ នៅ​ពេល​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន កំពុង​រៀបចំ​គ្រោង​រំលាយ​ចោល និង​យក​អាសនៈ​សភា។ អ្នកវិភាគ​នយោបាយ​គាំទ្រ​យន្តការ​ដោះស្រាយ​វិបត្តិ​នយោបាយ តាមរយៈ​ការ សុំ​អន្តរាគមន៍​ពី​អង្គ​ព្រះមហាក្សត្រ ព្រោះ​រដ្ឋធម្មនុញ្ញ​ជា ច្បាប់​កំពូល​របស់​ជាតិ ចែង​យ៉ាង​ច្បាស់​ថា ព្រះមហាក្សត្រ​មាន​ព្រះរាជ​តួនាទី​ក្នុង​ការ​សម្របសម្រួល​នយោបាយ ហើយ​ទ្រង់​គង់​ជា​ម្លប់​សម្រាប់​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ គ្រោង​នឹង​ដាក់​លិខិត​ថ្វាយ និង​សុំ​ចូល​គាល់​ព្រះមហាក្សត្រ​ព្រះបាទ នរោត្តម សីហមុនី ផ្ទាល់​តែម្ដង ដើម្បី​ស្នើសុំ​ព្រះអង្គ​គង់​ជា​អាជ្ញាកណ្ដាល​ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ។

សមាជិក​សភា និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក ម៉ៅ មុនីវណ្ណ ដែល​កំពុង​មាន​វត្តមាន​នៅ​កម្ពុជា ឲ្យ​អាស៊ីសេរី​ដឹង​តាម​ទូរស័ព្ទ ថា ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក សុន ឆ័យ ជា​អ្នក​រៀបចំ​លិខិត ប៉ុន្តែ​ដោយសារ​លោក សុន ឆ័យ កំពុង​ព្យាបាល​ជំងឺ​នៅ​ក្រៅ​ប្រទេស​ដូច្នេះ​លោក​ថា នៅ​ពេល​លោក សុន ឆ័យ វិលត្រឡប់​មកវិញ ទើប​ក្រុម​តំណាងរាស្ត្រ​រៀបចំ​ដាក់​លិខិត​ថ្វាយ​ព្រះមហាក្សត្រ​សុំ​ព្រះរាជ​អន្តរាគមន៍។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ៅ មុនីវណ្ណ ក្នុង​ពេល​ដឹក​នាំ​ប្រតិភូ​ចូល​សួរ​សុខទុក្ខ​សកម្មជន​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៧។ RFA/Morm Moniroth

លោក ម៉ៅ មុនីវណ្ណ ឲ្យ​ដឹង​ទៀត​ថា បើ​គ្មាន​ការប្រែប្រួល​ពីរ​បី​ថ្ងៃ​ទៀត លោក សុន ឆ័យ នឹង​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ហើយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ជាង ២០​រូប ដែល​កំពុង​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស នឹង​ចុះហត្ថលេខា​លើ​លិខិត​នោះ​ដើម្បី​បញ្ជូន​ទៅ​ព្រះមហាក្សត្រ។

ការ​បង្ហាញ​ជំហរ​សុំ​កិច្ច​អន្តរាគមន៍​ពី​អង្គ​ព្រះមហាក្សត្រ របស់​គណបក្ស​ប្រឆាំង​នៅ​ពេល​នេះ នៅ​ពេល​សហគមន៍​អន្តរជាតិ​កំពុង​ព្រមាន​កម្ពុជា​ពី​ការ​ផ្ដាច់​ជំនួយ និង​ទំនាក់ទំនង​ការទូត។

អ្នកនយោបាយ​ជើងចាស់ ព្រឹទ្ធាចារ្យ លោក លឺ ឡាយស្រេង បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ថា ច្បាប់​យក​កៅអី​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ចែក​គណបក្ស​ផ្សេងទៀត ក្រោយ​ការ​រំលាយ​បក្ស​នោះ នឹងបង្ក​បញ្ហា​លំបាក​ដល់​ព្រះមហាក្សត្រ។

អាស៊ីសេរី​មិនទាន់​អាច​សុំ​ការ​ឆ្លើយតប ពី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បានទេ​ថ្ងៃ​ទី​២១ ខែ​តុលា ជំវិញ​ការ​សុំ​អន្តរាគមន៍​របស់​គណបក្ស​ប្រឆាំង​ទៅ​អង្គ​ព្រះមហាក្សត្រ​នៅ​ពេល​នេះ​។ ប៉ុន្តែ ជារឿយៗ​លោក​ហ៊ុន សែន តែង​អះអាង​ថា ប្រទេស​កម្ពុជា​គ្មាន​វិបត្តិ​នយោបាយ ហើយក៏​គ្មាន​អ្នក​ទោស​នយោបាយ​ដែរ មាន​តែ​អ្នកនយោបាយ​ជាប់ទោស។

អ្នកវិភាគ​នយោបាយ​លោក បណ្ឌិត ឡៅ ម៉ុងហៃ យល់ថា ដល់​ពេល​ដែល​ព្រះមហាក្សត្រ ត្រូវ​សម្រេច​ព្រះទ័យ​ដោះស្រាយ​វិបត្តិ​នយោបាយ​ហើយ។ លោក​ថា ព្រះអង្គ​មាន​បុព្វសិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​សម្របសម្រួល​នយោបាយ។

រដ្ឋធម្មនុញ្ញ មាត្រា​៩ ចែងថា ព្រះមហាក្សត្រ​ទ្រង់​មាន​តួនាទី​ខ្ពង់ខ្ពស់​ជា​អាជ្ញាកណ្ដាល ដើម្បី​ធានា​ការ​ប្រព្រឹត្ត​ទៅ​នៃ​អំណាច​សាធារណៈ ឲ្យ​មាន​ភាព​ទៀងទាត់។

មាត្រា​៨ ចែងថា ព្រះមហាក្សត្រ ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ។ ព្រះ​អង្គជា អ្នកធានា​ឯករាជ្យ​ជាតិ អធិបតេយ្យ និង​បូរណភាព​ទឹកដី ធានា​ការ​គោរព​សិទ្ធិ និង​សេរីភាព​របស់​ពលរដ្ឋ៕

2 comments:

kohtral said...

Sihamoni is a powerless King, a useless King for Cambodia.

Chun Sokha said...

If the King can't solve this political problem , I don't see why we should have a Monarchy government . What is the point having the King if he doesn't want to do anything to help his people when they need help ? Sitting there waiting to sign a Royal decree whenever Hun Sen asks him to do is not what people want to see since Hun Sen is not a fair man .