October 21, 2017

អ្នក​ភូមិ​មិន​ទាន់​កំណត់​ទីតាំង​បង្កើត​ភូមិ​ថ្មី​នៅ​ឡើយ​បន្ទាប់​ពី​ទឹក​លិច​ភូមិឋាន​ពួកគេ

ទិដ្ឋភាព​ភូមិ​ស្រែគរ​ និង​ភូមិ​ក្បាល​រមាស​ចាស់ បន្ទាប់​ពី​ក្រុមហ៊ុន​វាវី​អគ្គិសនី​សេសាន​ក្រោម​ពីរ​បិទ​ទ្វារ​ទឹក​ជា​ស្ថាពរ នៅ​​ថ្ងៃ​ទី​២០​ខែ​តុលា​ឆ្នាំ២០១៧។ Photo Provided

ដោយ អាស៊ីសេរី RFA 2017-10-21

អ្នកភូមិ​ក្បាល​រមាស និង​ភូមិ​ស្រែគរចាស់ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ដែល​បដិសេធ​មិន​ទទួល​សំណង ពី​ក្រុមហ៊ុន​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ជាង ១រយ​គ្រួសារ នៅ​ពុំ​ទាន់​កំណត់​ទីតាំង​បង្កើត​ភូមិ​ថ្មី នៅ​ឡើយ​ទេ ដោយ​ទឹកជំនន់​កំពុង​គំរាមកំហែង​ផ្ទះ​សម្បែង និង​ជីវិត​អ្នកភូមិ​ធ្ងន់ធ្ងរ។ លើស​ពី​នេះ អ្នកភូមិ​កំពុង​ជញ្ជូន​សម្ភារៈ​ទៅកាន់​ទី​ទួល​ខ្ពស់ ហើយ​សម្ភារៈ​ធ្ងន់ៗ​មួយ​ចំនួន​ត្រូវ​បាត់បង់ ដោយ​ជម្លៀស​មិនទាន់ ព្រោះ​កម្ពស់​ទឹក​កើន​ឡើង​ខ្លាំង ព្រមទាំង​ជួប​បញ្ហា​សុខភាព​ទៀត​ផង។

អ្នកភូមិ​ស្រែគរ និង​ភូមិ​ក្បាល​រមាសចាស់ ព្រួយបារម្ភ​ពី​ភាព​យឺតយ៉ាវ​ក្នុង​ការ​កំណត់​ទីតាំង​ភូមិ​ថ្មី របស់​ក្រុមហ៊ុន និង​អាជ្ញាធរ​ខែត្រ ដែល​ជា​មូលហេតុ​បង្ក​ប៉ះពាល់​ជីវភាព បំណិត​ជីវិត បញ្ហា​សុខភាព កុមារ​ប្រឈម​បោះបង់​ការសិក្សា កង្វះ​ទឹក​ស្អាត ខូចខាត​ស្រូវ​កសិកម្ម និង​លំបាក​ធ្វើដំណើរ​ជាដើម ខណៈ​ដែល​កម្ពស់​ទឹកបាន​កើតឡើង​លិច​ភូមិ​ទាំងស្រុង។

ពលរដ្ឋ​រស់នៅ​ភូមិ​ស្រែគរ​ចាស់ លោក ហ្វុត ឃឿន ឲ្យ​ដឹង​នៅ​ថ្ងៃទី​២១ តុលា ថា កម្ពស់​ទឹកបាន​កើតឡើង​លឿន ដែល​នាំ​ឲ្យ​អ្នកភូមិ​ខ្លះ​ជញ្ជូន​សម្ភារៈ​ធ្ងន់ៗ​មិនទាន់ ហើយ​គ្រួសារ​លោក​ខូចខាត​សម្ភារៈ​ដូចជា ឈើ​ធ្វើ​គ្រឿងផ្ទះ និង​គ្រឿង​សង្ហា​រឹម បើ​គិត​ជា​ប្រាក់ ២​ពាន់ ៥​រយ​ដុល្លារ រីឯ​ការ​អន្តរាគមន៍​ជួយសង្គ្រោះ​របស់​អាជ្ញាធរ មាន​តិចតួច​បំផុត។ លោក​ថា អ្នកភូមិ​ភាគច្រើន​បាន​ទៅ​តាំង​ទី​លំនៅ លើ​ដី​ចម្ការនៅ​ទី​ទួល​ខ្ពស់ និង​សង់​ខ្ទម​រស់នៅ​បណ្ដោះអាសន្ន​សិន មុន​ក្រុមហ៊ុន និង​អាជ្ញាធរ​ខែត្រ ចុះ​សិក្សា​ផ្ដល់​ទីតាំង​បង្កើត​ភូមិ​ថ្មី​ជូន​ពួកគាត់។ លោក​ថា រហូត​មក​ទល់​ពេលនេះ​កម្ពស់​ទឹកបាន​កើន​ឡើង​លិច​ដំបូល​ផ្ទះ​គាត់ ហើយ​ផ្ទះ​អ្នកភូមិ​ខ្លះ​ត្រូវ​លិច​ទាំងស្រុង៖ «សមត្ថភាព​របស់​គាត់ បាន​ត្រឹម​បានតែ​មួយ​លើក​ហ្នឹង គាត់​មិន​ជួយ​ស្វែងរក​ណា។ ពលរដ្ឋ​ដឹក​មក គាត់​ជួយ​លើក​នៅ​របស់​ធ្ងន់​ធ្ងន់ៗ»។

ពលរដ្ឋ​រស់នៅ​ភូមិ​ក្បាល​រមាសចាស់ លោក គឹម ឌឺង ជា​ជនជាតិ​ដើម​ភាគតិច​ព្នង ឲ្យ​ដឹង​ថា ស្ថានភាព​ទឹក​នៅ​ភូមិ​ក្បាលរមាសចាស់ កើន​ឡើង​មួយ​ម៉ែត្រ ធៀប​កម្ពស់​ទឹក​កាលពី​ថ្ងៃ​ទី១៦ តុលា បង្ក​ឲ្យ​លិច​ភូមិ​ពលរដ្ឋ​មួយ​ចំនួន និង​លិច​ផ្នូរ​កប់​សព​ផង។ លោក​ថា មក​ទល់​ពេល​នេះ នៅ​ភូមិ​ក្បាលរមាស ពុំ​ទាន់​មាន​អាជ្ញាធរ​រដ្ឋាភិបាល​អន្តរាគមន៍​ផ្ដល់​ជំនួយ​មនុស្សធម៌ ផ្នែក​ទឹក​ស្អាត អប់រំ​ផ្នែក​អនាម័យ និង​គ្រឿង​បរិភោគ​នោះ​ទេ។ ចំណែក​កាកបាទ​ក្រហម​កម្ពុជា​ក៏​ស្ងាត់ឈឹង មិន​ឃើញ​ស្រមោល​ចុះទៅ​ជួយ​ជន​រងគ្រោះ​ទឹកជំនន់​ទាំង​នោះ​ដែរ។ គឺ​គេ​ឃើញ​តែ​សកម្មភាព​អាជ្ញាធរ​រឹតត្បិត​អ្នក​ខាងក្រៅ មិន​ឲ្យ​ចូល​សួរសុខទុក្ខ​អ្នកភូមិ។ បញ្ហា​នេះ​លោក​ចាត់ទុកថា ជា​ការ​បិទបាំង​ព័ត៌មាន មិន​ឲ្យ​ពលរដ្ឋ​លាតត្រដាង​បញ្ហា​ប្រឈម​របស់​ខ្លួន នៅ​គ្រា​ដែល​ទឹកជំនន់​បាន​គំរាមកំហែង​អាយុជីវិត និង​ទ្រព្យសម្បត្តិ​របស់​ប្រជាជន។ លោក​ថា អ្នកភូមិ​បាន​កំណត់​ទីតាំង​បង្កើត​ភូមិ​ថ្មី​រួចហើយ នឹង​គ្រោង​ប្រជុំ​ពិភាក្សា​គ្នា​ដាក់​លិខិតស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ខែត្រ និង​ក្រុមហ៊ុន​ផ្ដល់​សេវា​សាធារណៈ និង​ផ្ដល់​សំណង​ជាក់ស្ដែង៖ «គេ​ចុះ​មក​ហ្នឹង គេ​មក​ដោយ​គ្មាន​ជួយ​អ្វី​យើង​ទេ គ្រាន់តែ​មក​មើល​យើង​ក្រែង​មាន​សហគមន៍​ផ្សេងៗ​ចូលរួម អង្គការ​ក្រៅរដ្ឋាភិបាល ឬ​ខាង​អ្នកកាសែត​អាស៊ីសេរី​ចូល​មក»។

លិខិត​ជូនដំណឹង​របស់​អភិបាលខែត្រ​ស្ទឹងត្រែង​លោក មុំ សារឿន ចុះ​ថ្ងៃ​ទី​១១ តុលា បញ្ជាក់​ថា ក្នុង​ករណី​ដែល​ពលរដ្ឋ​មិន​ទទួល​សំណង រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន​បាន​ផ្ដល់​ជម្រើស​នានា ជូន​ពលរដ្ឋ​ដែល​ចង់​យក​ទីតាំង​ថ្មី ឋិត​នៅ​ក្បែរ​ភូមិ​ចាស់ និង​ធ្លាប់​អាស្រ័យ​ផល​ស្រាប់ ដែល​ជា​ទីតាំង​មាន​សុវត្ថិភាព ដើម្បី​សាងសង់​លំនៅឋាន​ថ្មី​រស់នៅ។ លើស​ពី​នេះ រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន​អះអាង​ថា នឹង​បន្ត​សហការ​ដោះស្រាយ​ផល​ប៉ះពាល់ ផ្អែក​តាម​គោលនយោបាយ​សមស្រប​ជូន​ពលរដ្ឋ​ផ្ទាល់។ ហើយ​បើ​ពលរដ្ឋ​នៅ​ពុំ​ទាន់​ទទួល​សំណង គណៈកម្មការ​ខែត្រ និង​ក្រុមហ៊ុន​វារីអគ្គិសនី​សេសានក្រោមពីរ នឹង​មិន​ទទួល​ខុសត្រូវ​ចំពោះ​ការ​បាត់បង់ ផល​ប្រយោជន៍​របស់​ពលរដ្ឋ​នោះ​ទេ។ គណៈកម្មការ​ដោះស្រាយ​ផល​ប៉ះពាល់​ខែត្រ សម្រេច​មិន​អនុញ្ញាត​ឲ្យ​អ្នកដំណើរ អង្គការ​សង្គម​ស៊ីវិល និង​អ្នកសារព័ត៌មាន ចូល​ទៅ​កាន់​តំបន់​នោះ​ឡើយ ដោយ​យក​លេស​ថា ដើម្បី​ការពារ​សុវត្ថិភាព និង​សណ្ដាប់ធ្នាប់។

ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ស្ថិត​ក្នុង​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង។ រូបថត​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Rann Samnang 

មេឃុំ​ស្រែគរ លោក សៀក មេគង្គ ឲ្យ​ដឹង​ថា មក​ទល់​ពេល​នេះ ពុំ​ទាន់​មាន​អ្នកភូមិ​ណា​ម្នាក់​ជួប​គ្រោះថ្នាក់​ដោយសារ​ទឹកជំនន់​នៅឡើយ​ទេ ក៏ប៉ុន្តែ​ពួកគាត់​ត្រូវ​ខាតបង់​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ជម្លៀស​ចេញ​មិនទាន់ រីឯ​ផល​ដំណាំ​ត្រូវ​ខូចខាត​ទាំងស្រុង។ លោក​បារម្ភ​ថា កម្ពស់​ទឹក​វារីអគ្គិសនី បាន​រាលដាល​ដល់​ភូមិ​ស្រែគរ​ថ្មី បង្ក​ឲ្យ​លិច​ផ្លូវ និង​ប៉ះពាល់​ដីស្រែ​ពលរដ្ឋ​ជាង ១០​គ្រួសារ។ បញ្ហា​នេះ​អាជ្ញាធរ​ឃុំ នឹង​ចុះ​ស្រង់​ទិន្នន័យ​ផល​ប៉ះពាល់​ជាក់ស្ដែង ដើម្បី​រាយការណ៍​ទៅ​ថ្នាក់លើ​អោយ​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន ឲ្យ​ទទួលខុសត្រូវ​រឿង​នេះ។ លោក​បន្ថែម​ថា ការ​បង្កើត​ទីតាំង​ភូមិ​ថ្មី របស់​អាជ្ញាធរ​ខែត្រ និង​ក្រុមហ៊ុន គឺជា​រឿង​លំបាក​មួយ ដែល​លោក​ហាក់​ពុំ​សូវ​មាន​ជំនឿ​ថា ក្រុមហ៊ុន និង​អាជ្ញាធរ​ខែត្រ​សហការ​គ្នា​កសាង​ភូមិ​ថ្មី​ជូន​ពលរដ្ឋ​នោះ​ទេ ដោយសារ​កម្ពស់​ទឹក​ឡើង​លិច​ផ្លូវ​លេខ ៧៨ បង្ក​ការ​លំបាក​ក្នុង​ការ​ធ្វើដំណើរ។ លោក​អះអាង​ថា ក្រុមហ៊ុន និង​គណៈកម្មការ​ដោះស្រាយ​ផល​ប៉ះពាល់​ខែត្រ បាន​សាង​សង់ផ្ទះ​រួចរាល់​ហើយ ដើម្បី​ត្រៀម​ផ្ដល់​ជូន​ពលរដ្ឋ​ដែល​មិន​ព្រម​ទទួល​សំណង អាច​ទៅ​រស់​នៅ​បាន​គ្រប់​ពេល៖ «ភូមិ​ថ្មី​ក៏​ប្រឈម​ដែរ ចម្ការ​ខ្លះ​ទឹក​លិច​អស់ ពលរដ្ឋ​ខ្លះ​លិច​ពីរ​ហិកតារ ស្រូវ​មួយ​ចំនួន​ខូចខាត​ដំណាំ​ដាំដុះ​អស់​អា​លីង ចន្ទី​ក៏​អស់​អាលីង។ គោលបំណង​គេ​ចង់​ឲ្យ​មក​ទាំងអស់ តែ​ពួកគាត់​មិន​មក អា​ហ្នឹង​ធ្វើ​ឲ្យ​អាជ្ញាធរ និង​ក្រុមហ៊ុន​មិន​សប្បាយ​ចិត្ត»។

របាយការណ៍​អាជ្ញាធរ​ឃុំ​ស្រែគរ​អោយ​ដឹង​ថា រយៈពេល​ប្រមាណ ៣​ខែ​ចុង​ក្រោយនេះ ពលរដ្ឋ​ជាង ៦០​គ្រួសារ​ថ្មី​ទៀត នៅ​ឃុំ​ស្រែគរ បាន​យល់ព្រម​ទទួល​សំណង និង​ចាក​ចេញពី​ភូមិ​ចាស់ ទៅ​រស់នៅ​ភូមិ​ថ្មី ហើយ​បច្ចុប្បន្ន​ពលរដ្ឋ​រស់នៅ​ឃុំ​ក្បាល​រមាស ៥៧​គ្រួសារ និង​ឃុំ​ស្រែគរ ជាង​៦០​គ្រួសារ​នៅ​មិនទាន់​យល់ព្រម​ទទួល​សំណង​ពី​ក្រុមហ៊ុន​នៅឡើយ។

មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ពលរដ្ឋ​ដែល​មិន​ទ​ទូល​សំណង ហាក់​ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល និង ក្រុមហ៊ុន​ចាត់​ទុក​ពួកគាត់​ជា​សត្រូវ​នៃ​ការ​អភិវឌ្ឍ ស្រប​ពេល​ដែល​តំបន់​នោះ​ត្រូវ​អភិបាលខែត្រ​បញ្ជា​ឲ្យ​ផ្ដាច់​ប្រព័ន្ធ​ទូរស័ព្ទ សាលា​គ្មាន​គ្រូបង្រៀន ហើយ​កុមារ​នៅ​ភូមិ​ក្បាលរមាសចាស់ ៨០​នាក់​ត្រូវ​បង្ខំចិត្ត​ឈប់​រៀន និង​កុមារ​នៅ​ភូមិ​ស្រែគរ​ច្រើន​នាក់​ទៀត បោះបង់​ការសិក្សា។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល យល់ថា អាជ្ញាធរ​ខែត្រ​គួរ​តែ​រក​មធ្យោបាយ​អន្តរាគមន៍​សង្គ្រោះ​ពួកគាត់​ជា​បឋម​សិន ដោយ​ផ្ដល់​ជា​ថ្នាំពេទ្យ ទឹក​ស្អាត អប់រំ​ផ្នែក​អនាម័យ និង​មធ្យោបាយ​សង្គ្រោះ​នានា ចៀសវាង​បាតុភាព​មិនល្អ នាំ​ឲ្យ​មាន​ការ​រិះគន់។ លោក​ថា ការ​កសាង​សង់​ហេដ្ឋារចនាសម្ព័ន្ធ និង​ផ្ដល់​សេវា​សាធារណៈ​ជា​អត្ថិភាព គឺជា​កាតព្វកិច្ច​របស់​ក្រុមហ៊ុន​ដោះស្រាយ ស្របតាម​គោលនយោបាយ​ដោះស្រាយ​ផល​ប៉ះពាល់​របស់​រដ្ឋាភិបាល៖ «ឆន្ទៈ​អាជ្ញាធរ​គាត់​មាន តែ​សកម្មភាព​គាត់​មិនសូវ​បាន​ដិតដល់ ហ្នឹង​ការ​ឆ្លើយ​តប​ពី​ពលរដ្ឋ​ពាក់ព័ន្ធ​ទូក​សង្គ្រោះ​ប្រហែល​មាន​តិច»។

ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ គ្រោង​ចំណាយ​ថវិកា​សរុប ៩៧៧​លាន​ដុល្លារ​អាមេរិក អាច​ផលិត​ថាមពល​អគ្គិសនី ៤០០​មេហ្គាវ៉ាត់។ តាម​ការ​គ្រោង​ទុក បើ​គម្រោង​នេះ​កសាង​រួច នឹង​អាច​ផ្គត់ផ្គង់​អគ្គិសនី​ដល់​ពលរដ្ឋ​នៅ​តាម​បណ្ដាល​ខែត្រ​មួយ​ចំនួន ដូចជា ក្រចេះ កំពង់ចាម ស្ទឹងត្រែង និង​រាជធានី​ភ្នំពេញ។ គម្រោង​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​វិនិយោគ​ឲ្យ​ក្រុមហ៊ុន​រយៈពេល ៤៥ឆ្នាំ។ បន្ទាប់ពី​ការ​វិនិយោគ​រួច ក្រុមហ៊ុន​ត្រូវ​ប្រគល់​ជូន​រដ្ឋ​វិញ។ គម្រោង​នេះ​មាន ៣​ក្រុមហ៊ុន​ដាក់​ទុន​វិនិយោគ ក្នុង​នោះ​មាន​ក្រុមហ៊ុន​ក្នុងស្រុក​ឈ្មោះ រ៉ូយ៉ាល់ គ្រុប (Royal Group) របស់​លោក​ឧកញ៉ា គិត ម៉េង មាន​ទុន​វិនិយោគ ៣៩​ភាគរយ ក្រុមហ៊ុន​ចិន ៥១​ភាគរយ និង​ក្រុមហ៊ុន​អគ្គិសនី​វៀតណាម មាន​ទុន​វិនិយោគ ១០​ភាគរយ។ ក្រុមហ៊ុន​នឹង​បើក​ឲ្យ​ដំណើរការ​តួប៊ីន​ទី​១ នៅ​ចុងខែ​វិច្ឆិកា ឆ្នាំ ២០១៧ ដែល​អាច​ផលិត​ថាមពល​អគ្គិសនី​ចំនួន ៥០​មេហ្គាវ៉ាត់៕

No comments: